ភ្នំពេញ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ – ពិធីជួបសំណេះសំណាល ជាមួយនិស្សិតអាហាររូបករណ៍ ទេពកោសល្យឌីជីថលតេជោ និងអាហារូបករណ៍អាទិភាពនារី ជំនាន់ទី ៧ ក្រោមអធិបតីភាព ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រី នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្នុងការតម្រង់ទិស ជំនួយស្មារតី ស្តីពីកម្មវិធីអាហាររូបករណ៍ទេពកោសល្យឌីជីថលតេជោ និងអាហារូបករណ៍អាទិភាពនារី ឆ្នាំសិក្សា ២០២០-២០២១ នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា។ ពិធីសំណេះសំណាលបាន ប្រព្រឹត្តឡើង ក្នុងសាលនៃអគារនវានុវត្តន៍ ព្រមទាំងមានការអញ្ចើញចូលរួមជាកិត្តយស ពីគណៈគ្រប់គ្រង លោកគ្រូអ្នកគ្រូ ព្រមទាំងប្អូនៗនិស្សិត របស់បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាផងដែរ។
កម្មវិធីអាហាររូបករណ៍ទេពកោសល្យឌីជីថលតេជោ និងអាហារូបករណ៍អាទិភាពនារី គឺជាការផ្តួចផ្តើម ឡើង របស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រី នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងគាំទ្រ ពីប្រមុខរដ្ឋាភិបាល ដែលបានទទួលគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់បំផុតពី សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីគោលបំណងសំខាន់ ចូលរួមកសាង ធនធានមនុស្សលើ ជំនាញបច្ចេកវិទ្យាឌីជីថល ដើម្បីជម្រុញសង្គមសេដ្ធកិច្ចឌីជីថលរបស់ប្រទេស ឲ្យកាន់ តែរីកចម្រន។
ថ្លែងក្នុងពិធីសំណេះសំណាល នាឱកាសនោះ ឯកឧត្ដមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា “និស្សិតទាំងអស់ គ្នា គួរតែធ្វើការតៀមខ្លួនឲ្យបានល្អ ប្រឹងប្រែងយកចិត្តទុកដាក់ស្រាវជ្រាវផ្សារភ្ជាប់នឹងការអនុវត្តជាក់ស្តែង ដើម្បីពង្រឹងនូវសមត្ថភាពរបស់ខ្លួន ឲ្យក្លាយជាធនធានឆ្នើមក្នុងសង្គមឌីជីថល។ ធនធានមនុស្សលើ ជំនាញបច្ចេកវិទ្យាឌីជីថល គឺជាកត្តាលិករដ៏សំខាន់ សម្រាប់ចូលរួមការអភិវឌ្បន៍សង្គមជាតិ និងប្រទេស ជាតិឈានទៅកាន់ឧស្សាហកម្មជំនាន់ទី ៤។
នៅក្នុងវិធានការនៃការផ្សព្វផ្សាយពីសារៈសំខាន់របស់ Digital Transformation យើងបានធ្វើការពង្រឹង សមត្ថភាព ICT តាមរយៈការវិនិយោគលើ R&D និងការកសាងសមត្ថភាពសម្រាប់ធនធានមនុស្ស ក្នុងស្រុក ការកសាងមជ្ឈមណ្ឌលទិន្នន័យជាតិ និងគោលនយោបាយលំហ (Cloud Policy) របស់កម្ពុជា ចូលរួមលើកកម្ពស់គណនេយ្យភាព និងតម្លាភាពតាមរយៈការប្រើប្រាស់ឧបករណ៍ឌីជីថល។”
កម្មវិធីនេះក៏ជាយន្តការ ដើម្បីបង្កើនចំនួននិស្សិតឆ្នើមឲ្យចាប់យក ជំនាញបច្ចេកវិទ្យាឌីជីថល ស្របតាម គោលនយោបាយ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ធាភិបាល។
ហើយនេះក៏បង្ហាញ ពីការយកចិត្តទុកដាក់និងតម្រង់ទិសយុវជន លើជំនាញអាទិភាព ក្នុងយុគ្គសម័យ សេដ្ឋកិច្ចឌីជីថលពីសំណាក់រដ្ឋាភិបាល ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងបណ្ឌិត្យសភា បច្ចេកវិទ្យាឌីជីថលកម្ពុជា។ មិនតែប៉ុណ្ណោះក៏អាចទាក់ទាញ និងបង្កើនធនធានមនុស្សជានារី នៅក្នុង វិស័យបច្ចេកវិទ្យាឌីជីថល (Women In Tech)។
លោកហ៊ាន សំបឿន អនុប្រធានវិទ្យាស្ថានជាតិ នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ក៏បានមាន ប្រសាសន៍ថា “ជាការពិតណាស់ ការបណ្តុះបណ្តាលជំនាញបច្ចេកវិទ្យាឌីជីថល នៅ CADT គឺផ្តោត ចម្បងលើគុណភាព ដែលគិតចាប់តាំងពី ការជ្រើសរើសនិស្សិតចូលរៀន ដោយឆ្លងកាត់ការ ប្រឡងយ៉ាង សុក្រឹត្រ លើប្រព័ន្ធកុំព្យូទ័រ ហើយការប្រឡងទៀតសោត ធ្វើឡើងជាពីរដំណាក់ការផងដែរ។
ចំពោះការរៀបចំកម្មវិធីសិក្សាវិញ គឺត្រូវបានអភិវឌ្បន៍ឡើងដោយមានការចូលរួមពីអ្នកជំនាញបច្ចេកទេស ជាន់ខ្ពស់ នៃបណ្តាក្រុមហ៊ុនជាដៃគូអភិវឌ្បន៍ ធនាគារ អ្នកស្រាវជ្រាវ និងសាស្រ្តាចារ្យ ជំនាញរបស់យើង ដោយផ្តោតទៅលើ ជំនាញចាំបាច់សម្រាប់ឆ្លើយតប ទៅកាន់តម្រូវការ ទីផ្សារជាក់ស្តែង។”
សម្រាប់ឆ្នាំសិក្សា ២០២០-២០២១ នេះ បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា បានទទួលការអនុញ្ញាត អនុវត្តនូវកម្មវិធីអាហាររូបករណ៍ទេពកោសល្យឌីជីថលតេជោ ជាលទ្ធផលដែលទទួលបាន គឺមាននិស្សិត ជាប់ជាស្ថាពរចំនួន ១០០ នាក់ ព្រមទាំងអាហារូបករណ៍អាទិភាពនារី ចំនួន ៣១នាក់។
សរុបជារួមមក និស្សិតមាននិទ្ទេស A និង B មានចំនួន៨៧% និងជានិស្សិតឆ្នើមផ្នែកវិទ្យាសាស្រ្ត (គណិតវិទ្យា រូបវិទ្យា និងគីមីវិទ្យា)។ និស្សិតជ័យលាភីទាំងអស់បាន ឆ្លងកាត់ការប្រឡងប្រជែង ចំនួន ពីរដង លើវិញ្ញាសា គណិតវិទ្យា តក្កវិទ្យា រូបវិទ្យា និងភាសាអង់គ្លេស ទៅតាមគោលការណ៍របស់សាលា។ កម្មវិធីសិក្សាបានចាប់ផ្តើមនៅថ្ងៃទី ១៦ ខែមិនា ឆ្នាំ២០២១ លើជំនាញបរិញ្ញាបត្រ ៖
(១) ទូរគមនាគមន៍ និងបណ្ដាញ (Telecoms & Networking)
(២) វិទ្យាសាស្ត្រកុំព្យូទ័រ (Computer Science)
(៣) ពាណិជ្ជកម្មអេឡិចត្រូនិក (e-Commerce)
អត្ថប្រយោជន៍នៃ “អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ” សម្រាប់និស្សិតម្នាក់ៗគឺទទួលបាន អាហារូបករណ៍ដែលមានតម្លៃសរុបប្រមាណ ១៦.៤០០ ដុល្លារ សម្រាប់ការសិក្សារយៈពេល ៤ ឆ្នាំ ក្នុងនោះផ្តល់ជូននូវប្រាក់ឧបត្ថម្ភចំនួន ១២០ដុល្លារ ក្នុងមួយខែ រួមមានកុំព្យូទ័រយួរដៃមួយគ្រឿង សម្រាប់ ការសិក្សារយៈពេល ៤ ឆ្នាំ ផងដែរ។
សម្រាប់ អាហារូបករណ៍អាទិភាពនារី ដែលត្រូវបានសហការជាដៃគូជាមួយអង្គការមូលនិធិអាសុី (THE ASIA FOUNDATION) គឺបានផ្តល់នូវថ្លៃកម្មវិធីសិក្សា និងកុំព្យូទ័រយួរដៃមួយគ្រឿង ទៅកាន់និស្សិត នារីជាប់ចំនួន ៣១ នាក់។ បច្ចុប្បន្ននេះ និស្សិតនៃអាហាររូបករណ៍ទាំងពីប្រភេទ គឺបានបញ្ចប់ការសិក្សា ឆ្នាំមូលដ្ធាន និងកំពុងបន្តការសិក្សា នៅឆ្នាំទីពីរទៅ តាមជំនាញឯកទេស ដែលខ្លួនបានជ្រើសរើស។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក៍បានមាន ប្រសាសន៍លើកទឹកចិត្តដល់ក្មួយៗ សិស្សានុសិស្ស ដែលបានជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ផ្នែកវិទ្យាសាស្ត្រ ដែលមានបំណងសិក្សាជំនាញបច្ចេកវិទ្យា គួរតែត្រៀមខ្លួនមកដាក់ ពាក្យប្រឡងប្រជែង យកអាហាររូបករណ៍ ក្នុងឆ្នាំសិក្សាថ្មី ២០២១-២០២២ ឲ្យបានរួសរាន់។
បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ គឺជាស្ថាប័នឧត្តមសិក្សា ដែលមានកម្មវិធីសិក្សា និងវិធីសាស្រ្តបង្រៀនយ៉ាងសម្បូរបែប ដោយរួមបញ្ចូលនូវវិធីសាស្រ្តចម្រុះ (Blended Learning) វិធីសាស្រ្តបែបបព្ចា្រស់ (Flipped Classroom) និងការរៀនតាម របៀបគម្រោង ជាក់ស្តែង (Project-Based Learning)។
ក្នុងនោះសាលា ក៍បានផ្តោតសំខាន់លើការពង្រឹងនូវជំនាញបច្ចេកទេស (Technical Skill), ជំនាញទន់ (Soft Skill), សហគ្រិនភាព (Entrepreneurship) និងភាពជាអ្នកដឹកនាំ (Leadership) ដើម្បីជំរុញ ឲ្យនិស្សិតរបស់យើងទទួលបាននូវចំណេះដឹង ចំណេះធ្វើ និងជំនាញយ៉ាងពិតប្រាកដ ក្លាយខ្លួនជា អ្នកដឹកនាំលើវិស័យបច្ចេកវិទ្យាឌីជីថល និងជាធនធានដ៏ឆ្នើមចូលរួមកសាងសង្គមសេដ្ឋកិច្ចឌីជីថល កម្ពុជា។
សម្រាប់ព័ត៌មានបន្ថែម៖
- ចូលទៅកាន់គេហទំព័រ http://cadt.edu.kh
- ទំនាក់ទំនង pr@cadt.edu.kh
- Facebook: http://bit.do/cadt-academy-fb
- LinkedIn: http://bit.do/cadt-linkedin
- Instagram: cadtofficial
- t.me/cadt_official