ភ្នំពេញ ថ្ងៃទី 08 ខែមិថុនា ឆ្នាំ 2022 – បណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) និងសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EuroCham) បានចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ ជាពិសេសដើម្បីជួយដល់ក្រុមហ៊ុនបច្ចេកវិទ្យា និងឌីជីថលនៅអឺរ៉ុបនិងកម្ពុជា ក្នុងការផ្តល់សេវាកម្មជាជំនួយក្នុងការពង្រឹងការផ្លាស់ប្តូរឌីជីថលនៅក្នុងប្រទេស។ ពិធីដ៏ឧឡារិកនេះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅមជ្ឈមណ្ឌលនវានុវត្តន៍ នាថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសជាច្រើនពីថ្នាក់ដឹកនាំរដ្ឋាភិបាល ថ្នាក់ដឹកនាំ សាស្ត្រាចារ្យ បុគ្គលិកសិក្សារបស់ CADT ក្រុមហ៊ុន និងអង្គការដៃគូនានា ដែលប្រមូលផ្តុំជាអ្នកចូលរួមប្រមាណ 350 នាក់។

CADT & EuroCham SIGNED MOU TO IMPROVE DIGITAL LANDSCAPE
CADT & EuroCham SIGNED MOU TO IMPROVE DIGITAL LANDSCAPE

ការចុះហត្ថលេខានឹងប្រព្រឹត្តទៅក្នុងអំឡុងពេលនៃកិច្ចប្រជុំ Tech APAC របស់បារាំងនៅ CADT ក្នុងអំឡុងពេលដែលមានការប្រមូលផ្តុំដោយអ្នកដឹកនាំឧស្សាហកម្ម សហគ្រិន និងអ្នកតំណាងរដ្ឋាភិបាលដែលនឹងមករៀបចំសិក្ខាសាលា និងវគ្គបណ្តុះបណ្តាលរួមគ្នា។

ជាផ្នែកនៃ អនុស្សរណៈនៃការយោគយល់គ្នា ក្រុមការងាររួមមួយត្រូវបានបង្កើតឡើងដើម្បីជាការសម្រួលដល់ឧស្សាហកម្មដោយជម្រុញឱ្យមានការអនុម័តនៃបច្ចេកវិទ្យា ការសម្របសម្រួលកម្មសិក្សា និងការផ្តល់ការយល់ដឹងអំពីសេដ្ឋកិច្ចឌីជីថលរបស់វិស័យឯកជន។ EuroCham នឹងផ្តល់ការបណ្តុះបណ្តាលរយៈពេល ៥០ ម៉ោងសម្រាប់និស្សិត CADT តាមកិច្ចព្រមព្រៀង ហើយស្ថាប័ននានានឹងចូលរួមសហការរៀបចំព្រឹត្តិការណ៍បណ្តាញ សិក្ខាសាលាបណ្តុះបណ្តាល SME និងសន្និសីទដើម្បីជួយជំរុញដល់វិស័យបច្ចេកវិទ្យានេះ។

វិទ្យាស្ថានស្រាវជ្រាវ និងនវានុវត្តន៍ឌីជីថលរបស់ CADT (IDRI) វិទ្យាស្ថានបច្ចេកវិទ្យាឌីជីថល (IDT) និងវិទ្យាស្ថានអភិបាលកិច្ចឌីជីថល (IDG) នឹងដើរតួនាទីសំខាន់ក្នុងការអនុវត្តដើម្បីសម្រេចដល់បេសកកម្មរបស់អនុស្សរណៈនៃការយោគយល់គ្នានេះ ។

IDRI នឹងចាប់ដៃគូជាមួយ EuroCham ដើម្បីរៀបចំកិច្ចពិភាក្សាអាហារពេលព្រឹកលើគំនិតផ្តួចផ្តើមឌីជីថល និងបង្កើតក្រុមប្រឹក្សានៃវិស័យឯកជន ដើម្បីស្រាវជ្រាវតាមគោលគម្រោងសក្តានុពល។ IDT នឹងបន្ថែមនូវសាលាបណ្តុះបណ្តាលអនឡាញទៅកាន់គេហទំព័ររបស់ EuroCham ក៏ដូចជាការរៀបចំពិព័រណ៍ការងារ និងជួយសម្រួលដល់កម្មសិក្សាសម្រាប់និស្សិត។ IDG នឹងជួយ EuroCham ក្នុងការផ្តល់នូវអនុសាសន៍ទាក់ទងនឹងអភិបាលកិច្ចតាមប្រព័ន្ធអេឡិចត្រូនិកតាមទស្សនៈវិស័យឯកជន។

ឯកឧត្តមបណ្ឌិត សេង សុភាព ប្រធានបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាបានមានប្រសាសន៍ថា គំនិតឧស្សាហកម្ម ៤.០ នឹងជួយបន្ថែមតម្លៃដល់គ្រប់វិស័យដោយការរៀបចំ និងសម្រួលទិន្នន័យ ដែលនាំឱ្យការសម្រេចចិត្តអាជីវកម្មកាន់តែឆ្លាតវៃ។
“ការចាប់ដៃគូជាមួយ EuroCham ដើម្បីជំរុញការផ្លាស់ប្តូរឌីជីថល និងបង្កើនការប្រកួតប្រជែងគឺជាជំហានចាំបាច់។ វានឹងជំរុញកិច្ចសហប្រតិបត្តិការរវាងក្រុមស្រាវជ្រាវ និងអភិវឌ្ឍន៍របស់យើង បើកដំណើរការសេវាកម្មតាមតម្រូវការ និងសំខាន់បំផុតបង្កើតឱកាសថ្មីសម្រាប់ទេពកោសល្យឌីជីថលវ័យក្មេងរបស់យើង»។

Matthew Tippetts ប្រធានគណៈកម្មាធិការឌីជីថល និងបច្ចេកវិទ្យារបស់ EuroCham បាននិយាយថា “MOU នេះគឺជាជំហានដំបូងក្នុងភាពជាដៃគូរួមរវាង EuroCham និង CADT ដែលសមាជិករបស់យើងអាចចែករំលែកចំណេះដឹង និងជំនាញរបស់ពួកគេជាមួយសិស្ស CADT ខណៈពេលដែលកំពុងធ្វើការកាន់តែជិតស្និទ្ធលើគំនិតផ្តួចផ្តើមបណ្តុះបណ្តាល ការធ្វើកម្មសិក្សា និងការជ្រើសរើសបុគ្គលិក។ យើងមានកិត្តិយស និងសាទរយ៉ាងខ្លាំងចំពោះឱកាសនេះ”។

នាយកប្រតិបត្តិ EuroCham លោក Denis Saint Marie បានបន្ថែមថា “យើងមានសេចក្តីសោមនស្សរីករាយក្នុងការចាប់ដៃគូជាមួយ CADT ដើម្បីជួយគាំទ្រដល់ការធ្វើសេដ្ឋកិច្ចឌីជីថល។ គោលដៅរបស់យើងរួមមានការទាក់ទាញក្រុមហ៊ុនបច្ចេកវិទ្យាកំពូលៗរបស់អឺរ៉ុបមកកាន់ព្រះរាជាណាចក្រ ខណៈពេលដែលជួយអភិវឌ្ឍទេពកោសល្យក្នុងស្រុកផងដែរ។ យើង​សូម​សរសើរ​ចំពោះ​វឌ្ឍនភាព​ដែល​បាន​ធ្វើ​រួច​ហើយ​ដោយ​រដ្ឋាភិបាល​ក្នុង​ការ​អភិវឌ្ឍ​សេវា​រដ្ឋាភិបាល​អេឡិចត្រូនិក»។

Keep in touch: