ភ្នំពេញ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២៖ បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) និង ធានាគារ PPC Bank បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា (MoU) ស្តីពីការបណ្ដុះបណ្ដាល និងកម្មសិក្សាលើជំនាញច្ចេកវិទ្យាឌីជីថល ព្រមទាំងឱកាសផ្សេងៗជាច្រើនទៀត។ ក្នុងនោះដែល ធានាគារ PPC Bank ក៏បានឧបត្ថម្ភនូវទឹកប្រាក់ចំនួន ៥០០០$ ក្នុងគោលបំណងផ្តល់ជាការឧបត្ថម្ភទៅលើ សម្ភារះសិក្សា និងបរិក្ខាផ្សេងៗទៀតដើម្បីជាជំនួយឲ្យសិស្សមានភាពងាយស្រួលក្នុងការសិក្សា។
សម្រាប់ការចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នានេះ ផ្ដោតសំខាន់ទៅលើការបណ្ដុះបណ្ដាល និងកម្មសិក្សាលើជំនាញបច្ចេកវិទ្យាឌីជីថល ដើម្បីឲ្យនិស្សិតទទួលបានការអភិវឌ្ឍន៍ជំនាញ ព្រមទាំងឱកាសការងារនៅធនាគារ PPCBank និងមានការរៀបចំកម្មវិធីជាច្រើនទៀតដូចជាការរួមបញ្ចូលនូវការរៀបចំព្រឹត្តិការណ៍នានារបស់សាលា ការតាំងពិព័រណ៍ការងារនិងវគ្គចែករំលែកចំណេះដឹងផ្សេងៗដើម្បីឲ្យនិស្សិតទទួលបានទាំងចំណេះដឹងនិងជំនាញបន្ថែមទៀត។
ក្នុងន័យនេះដែល ដោយសារដៃគូរទាំងសងខាងមានចក្ខុវិស័យ និងទិសដៅស្របគ្នារវាង CADT និង PPCBank ក្នុងការជួយជម្រុញ និងបង្កើតសមត្ថភាពជំនាញរបស់និស្សិតដែលមានសមត្ថភាពនិង រៀនជំនាញព័ត៍មានវិទ្យា និងឌីជីថល ដើម្បីធ្វើយ៉ាងណាដើម្បីឲ្យយុវជនមានសមត្ថភាព និងអាចឆ្លើយតបទៅ នឹងបរិបទថ្មីរបស់រាជរដ្ឋាភិបាលក្នុងការ អភិវឌ្ឍ និងពន្លឿនការប្រើប្រាស់ បច្ចេកវិទ្យាឌីជីថលដែលជាឃ្នាស់ សម្រាប់អភិឌ្ឍសេដ្ឋកិច្ចឌីជីថលរបស់ប្រទេសជាតិ និងសមាហរណកម្មទៅក្នុងទីផ្សារតំបន់អន្ដរជាតិ។
ឯកឧត្តម ហ៊ាន សំបឿន អនុប្រធាន CADT បានបង្ហាញក្តីសង្ឃឹមថា អនុស្សារណៈនេះ អាចផ្តល់ជាគំរូមួយអំពីរបៀបនៃការសហការគ្នាកាន់តែជិតស្និទ្ធរវាងស្ថាប័នអប់រំ និងវិស័យ ឯកជន សំដៅផ្តល់ប្រយោជន៍ដល់យុវជនកម្ពុជា។
លោកមានប្រសាសន៍ថា “CADT ពិតជាមានក្តីសោមនស្សរីករាយ ក្នុងការចាប់ដៃគូជាមួយ ធនាគារ PPCBank ដើម្បីចែករំលែកនូវគោលដៅរួមទាក់ទងនឹងការអប់រំ និងការអភិវឌ្ឍន៍ ធនធានមនុស្ស។ ពិធីចុះអនុស្សារណៈនៅពេលនេះ នឹងស្តែងឲ្យឃើញពីកិច្ចសហការរួម របស់និយោជក និងស្ថាប័ននានា ក្នុងការបង្កើនសមត្ថភាព និងសក្តានុពលការងាររបស់ និស្សិត”។ យ៉ាងណាមិញ ក្នុងការឡើងថ្លែងសន្ទរកថា នាយកជាន់ខ្ពស់នៃធនាគារ PPCBank លោក Lee Jinkyu បានសម្តែងនូវក្តីសោមនស្ស រីករាយចំពោះពិធីចុះហត្ថលេខានេះ ដោយបានលើកឡើងថា “យើងរីករាយក្នុងការ សហការជាមួយ CADT លើភាពជាដៃគូច្រើនប្រភេទ រួមជាមួយនិងការបត្ថម្ភថវិកា ដែលនឹង ផ្តល់អត្ថប្រយោជន៍ដល់និស្សិត និងភាពរីកចម្រើននៅក្នុងសហគមន៍។ តាមរយៈភាពជា ដៃគូរបស់យើង និស្សិតមិនត្រឹមតែទទួលបានការផ្គត់ផ្គង់សម្ភារសិក្សា និងឱកាសបន្តការ សិក្សាថ្នាក់ឧត្តមសិក្សាប៉ុណ្ណោះទេ ប៉ុន្តែពួកគេនឹងទទួលបានការអភិវឌ្ឍន៍ជំនាញ និង ឱកាសការងារជាមួយ PPCBank ផងដែរ។”
នៅក្នុងពិធីចុះអនុស្សារណៈយោគយល់នាពេលនេះ ក៏ផ្តោតសំខាន់លើ “ការបណ្ដុះបណ្ដាល និងកម្មសិក្សាលើជំនាញបច្ចេកវិទ្យាឌីជីថល” សម្រាប់និស្សិត CADT ផងដែរ ដោយធនាគារ PPCBank នឹងផ្តល់អាហារូបករណ៍ រយៈពេល៤ឆ្នាំដល់និស្សិតយ៉ាងហោចណាស់ចំនួន១៥នាក់។ គេសង្ឃឹមថា និស្សិត ព័ត៌មានវិទ្យា និងឌីជីថលទាំងនេះ នឹងសម្លឹងមើលឱកាសការងារនៅធនាគារ PPCBank បន្ទាប់ពីរៀនចប់។
ក្នុងនាមក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ទទួលបន្ទុកអភិវឌ្ឍវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថល ឯកឧត្តម បណ្ឌិត ខូវ មករា មានសេចក្តីសោមនស្សរីករាយ និងគាំទ្រយ៉ាងខ្លាំងចំពោះពិធីចុះអនុស្សារណៈ យោគយល់នេះ ព្រមទាំងលើកទឹកចិត្តយុវជន និងយុវនារីខ្មែរ ពិចារណាចាប់យកការ សិក្សាជំនាញព័ត៌មានវិទ្យា បច្ចេកវិទ្យាឌីជីថល និងជំនាញពាក់ព័ន្ធដទៃទៀត ដើម្បីអាច ពង្រឹងសមត្ថភាពរបស់ខ្លួន ក្នុងគោលដៅស្វែងរកការងារបានល្អ និងបានចំណូលខ្ពស់។
សម្រាប់ព័ត៌មានបន្ថែម៖
- ចូលទៅកាន់គេហទំព័រ https://cadt.edu.kh
- ទំនាក់ទំនង pr@cadt.edu.kh
- Facebook: http://bit.do/cadt-academy-fb
- LinkedIn: http://bit.do/cadt-linkedin
- Instagram: cadtofficial
- t.me/cadt_official