ភ្នំពេញ ថ្ងៃទី 13 ខែមករា ឆ្នាំ 2022 បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT)សហការ ជាមួយអង្គការយូណេស្កូ បានចាប់ផ្តើមគំនិតផ្តួចផ្តើមក្នុងការស្រាវជ្រាវការអភិវឌ្ឍ អុីនធឺណិតនៅកម្ពុជា ដោយប្រើប្រាស់សូចនាករអ៊ីនធឺណិតសកលរបស់អង្គការយូណេស្កូ។ ការស្រាវជ្រាវនេះនឹងផ្តល់នូវ ការវិនិច្ឆ័យរួមមួយ នៃគោលនយោបាយអុីនធឺណិត និងបណ្តាញឌីជីថល របស់កម្ពុជា។

ជាផ្នែកមួយនៃការសហការនេះ បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថល នឹងធ្វើការវាយតម្លៃ ស្ថានភាព អុីនធឺណិតនៅកម្ពុជា ដោយផ្អែកលើគោលការណ៍ R.O.A.M ដែលបង្កើត ឡើងដោយ អង្គការយូណេស្កូ។ គោលការណ៍ R.O.A.M -X គឺសំដៅលើអ៊ីនធឺណិត ដែលមានមូលដ្ឋាន លើសិទ្ធិមនុស្ស (human-Rights), ការបើកចំហ (Open),  ប្រើប្រាស់ (Accessible) និងគ្រប់គ្រងដោយការ ចូលរួមពីភាគីពាក់ព័ន្ធ (Multistakeholder)។

ការវាយតម្លៃនេះក៏នឹងពិនិត្យមើលលើស្ថានភាពនៃអ៊ីនធឺណិតទាក់ទងនឹង៖ សមភាពយេនឌ័រ តម្រូវការជាក់លាក់របស់កុមារ ការអភិវឌ្ឍន៍ប្រកបដោយចីរភាព ទំនុកចិត្ត និងសន្តិសុខ ព្រមទាំង ទិដ្ឋភាពច្បាប់ និងសីលធម៌ផងដែរ។

នៅពេលដែលគម្រោងការវាយតម្លៃនេះត្រូវបានបញ្ចប់ វានឹងត្រូវបានបោះពុម្ពផ្សាយ ជារបាយការណ៍ជាតិ ដែលនឹងបង្ហាញពីការយល់ដឹងដ៏ទូលំទូលាយ និងជាក់ស្តែង អំពីបរិស្ថាន និងគោលនយោបាយ ជាតិអុីនធឺណិត។

ហើយផ្អែកលើការផ្តល់នូវអនុសាសន៍គោលនយោបាយ និងគំនិតផ្តួចផ្តើមជាក់ស្តែង ដែលអាចឱ្យ ប្រទេសកម្ពុជា ធ្វើឱ្យបានប្រសើរឡើងនូវប្រព័ន្ធអេកូឡូស៊ីអុីនធឺណិតជាតិ ខណៈដែលវិស័យ ICTs ជឿនលឿន និងវឌ្បនៈភាព។

ឯកឧត្តម ជុន វ៉ាត រដ្ឋលេខាធិការនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានលើកឡើងពីសារៈសំខាន់ នៃការស្រាវជ្រាវ ដើម្បីគាំទ្រដល់ការអនុវត្ត “ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល ២០២១-២០៣៥ ” របស់កម្ពុជា ដែលត្រូវបានដាក់ឱ្យដំណើរការដោយរដ្ឋាភិបាលក្នុងឆ្នាំ ២០២១។ ឯកឧត្តម ជុន វ៉ាត បានចង្អុលបង្ហាញថា “ការសិក្សានេះ ដែលនឹងផ្តល់នូវអនុសាសន៍គោលនយោបាយ ផ្អែកលើភស្តុតាងពីទស្សនវិស័យពហុភាគី នឹងបម្រើជាកញ្ចក់ឆ្លុះបញ្ចាំង និងកែសម្រួល សកម្មភាព តាមវិធីនៃការអនុវត្តក្របខ័ណ្ឌ។ សំខាន់ជាងនេះទៅទៀត ការរកឃើញនៃការវាយតម្លៃនឹងរួមចំណែក និងផ្តល់មូលដ្ឋានគ្រឹះសម្រាប់ការ រចនាគោលនយោបាយឌីជីថលនាពេលអនាគត ”។

នៅក្នុងព្រឹត្តិការណ៍នេះ CADT និង UNESCO បានបើកកិច្ចប្រជុំ លើកដំបូង នៃក្រុមប្រឹក្សា ប្រឹក្សាពហុភាគី (MAB) ដែលជាយន្តការមួយ ដោយមានអ្នកជំនាញមកពីផ្នែក និងវិស័យផ្សេងៗ នៃសង្គមកម្ពុជា ដែលនឹងមានការរួមចំណែក ជាមួយអ្នកជំនាញ បច្ចេកទេសរបស់ពួកគេ ក្នុងគម្រោង នៃការវាយតម្លៃនេះ។ ក្រុមប្រឹក្សាភិបាលរួមមានតំណាង មកពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្រសួងព័ត៌មាន អង្គការសង្គមស៊ីវិល ប្រព័ន្ធផ្សព្វផ្សាយ វិស័យឯកជន និយតករ និងទីភ្នាក់ងារ អង្គការសហប្រជាជាតិ។

ប្រធាន បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា លោកបណ្ឌិត សេង សុភាព បានកោតសរសើរ ចំពោះភាពចម្រុះនៃតំណាងនៅក្នុងក្រុមប្រឹក្សាប្រឹក្សាថា៖ “ខ្ញុំសូមថ្លែងអំណរគុណ ដល់សមាជិកក្រុមប្រឹក្សាភិបាល ពហុភាគីដែលបានចូលរួម ក្នុងកិច្ចខិតខំប្រឹងប្រែងស្រាវជ្រាវនេះ ដើម្បីធានាថាការវាយតម្លៃនេះគឺមានការរួមបញ្ចូល និងរួបរួម។ ខ្ញុំសង្ឃឹមថា លទ្ធផលដែលបាន មកពីការវាយតម្លៃនេះ នឹងផ្តល់នូវអត្ថប្រយោជន៍ ដល់ការបង្កើតគោលនយោបាយនាពេលអនាគត ហើយនឹងបម្រើជាឱកាស សម្រាប់ជាគំរូសម្រាប់ការអភិវឌ្ឍន៍នៃប្រព័ន្ធអុីនធឺណិតជាសកល (Internet Universality) នៅកម្ពុជា បើប្រៀបធៀប ទៅនឹងស្តង់ដារអន្តរជាតិ ”។

តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា លោក Sardar Umar Alam បានពន្យល់ថា ការវាយតម្លៃនេះ គឺជាផ្នែកមួយនៃការងារដែលកំពុងដំណើរការរបស់អង្គការយូណេស្កូ នៅកម្ពុជា ក្នុងការលើកកម្ពស់ សិទ្ធិទទួលបានព័ត៌មានជាសកល និងសេរីភាព នៃការបញ្ចេញមតិ។

លោក អាឡាំ បានមានប្រសាសន៍ថា “ក្នុងបរិបទពិភពលោកបច្ចុប្បន្ន ការអភិវឌ្ឍន៍ អ៊ីនធឺណិតដែល បើកចំហ អាចប្រើប្រាស់បាន និងផ្អែកលើសិទ្ធិ គឺជាកត្តាសំខាន់ ក្នុងការធ្វើឱ្យប្រទេសកម្ពុជា មានការអភិវឌ្ឍន៍បន្ថែមទៀត និងកាត់បន្ថយវិសមភាព។ អង្គការយូណេស្កូធ្វើការ ដើម្បីបង្កើតសង្គម នៃចំណេះដឹងរួមបញ្ចូល ដែលត្រូវបាន បង្កើតឡើងផ្អែកលើសេរីភាពនៃការបញ្ចេញមតិ ការទទួលបាន ព័ត៌មានជាសកល ការគោរពភាពចម្រុះនៃវប្បធម៌ និងការអប់រំប្រកបដោយគុណភាពសម្រាប់  ទាំងអស់គ្នា ”។

គំនិតផ្តួចផ្តើមនេះត្រូវបានគាំទ្រដោយកម្មវិធីអន្តរជាតិសម្រាប់ការអភិវឌ្ឍន៍ទំនាក់ទំនង (IPDC) របស់អង្គការយូណេស្កូ និងគម្រោង “ការពង្រឹងការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយ និងសេរីភាពនៃការ បញ្ចេញមតិនៅកម្ពុជា” ដែលកំពុងត្រូវបានអនុវត្ត ដោយអង្គការ យូណេស្កូ ដោយមានការគាំទ្រ ពីទីភ្នាក់ងារ សហប្រតិបត្តិនៃការអភិវឌ្ឍន៍ អន្តរជាតិស៊ុយអែត។

ទំនាក់ទំនង៖