ភ្នំពេញ, ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ – បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា បានរៀបចំនូវសនិ្នសីទស្តីពី “ការអភិវឌ្ឍន៍ជំនាញឌីជីថលនៅកម្ពុជា” ដែលត្រូវបានគាំទ្រដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (MPTC) និងក្រសួងអប់រំ យុវជន និងកីឡា (MoEYS)។ សន្និសីទនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និង លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា នៅឯមជ្ឈមណ្ឌលនវានុវត្តន៍ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ដោយមានការចូលរួមពីភ្ញៀវកិត្តិយសជាច្រើនពី សំណាក់ថ្នាក់ដឹកនាំរដ្ឋាភិបាល តំណាងគ្រឺះស្ថានអប់រំឧត្ដមសិក្សា ក្រុមហ៊ុនបច្ចេកវិទ្យា និងអង្គការដៃគូអភិវឌ្ឍន៍ ដែលប្រមូលផ្តុំអ្នកចូលរួមប្រមាណជា ១៦០នាក់។

DIGITAL SKILL DEVELOPMENT IN CAMBODIA CONFERENCE
DIGITAL SKILL DEVELOPMENT IN CAMBODIA CONFERENCE

សន្និសីទស្តីពីការអភិវឌ្ឍន៍ជំនាញឌីជីថលនៅកម្ពុជា បានប្រមូលផ្តុំបណ្តាសាកលវិទ្យាល័យនានា នៅក្នុងប្រទេស ក្រុមហ៊ុនបច្ចេកវិទ្យា អ្នកបង្កើតគោលនយោបាយ និងដៃគូអភិវឌ្ឍន៍ ដើម្បីធ្វើការរួមគ្នាក្នុងការស្នើឱ្យមានសកម្មភាពជាក់ស្តែងក្នុងការកែលម្អកម្មវិធីសិក្សា និងគុណភាពនៃកម្មវិធីបណ្តុះបណ្តាលជំនាញឌីជីថលនៅក្នុងគ្រឹះស្ថានឧត្តមសិក្សានៅកម្ពុជា។

ក្នុងសុន្ទរកថាបើក ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានមានប្រសាសន៍ថា “ ដើម្បីជាការគាំទ្រដល់ការអនុវត្តក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ យើងបានខិតខំបង្កើតយុទ្ធនាការផ្សព្វផ្សាយ ការបង្កើតនូវកម្មវិធីគាំទ្រ ជម្រុញដល់វិស័យបច្ចេកវិទ្យាឌីជីថល ជាពិសេសគឺការសម្រចបង្កើតបានជា បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ដែលមានបេសកកម្មជាអ្នកអនុវត្តឈានមុខជម្រុញវិស័យ បច្ចេកវិទ្យានៅកម្ពុជា។ វេទិកាការអភិវឌ្ឍន៍ជំនាញឌីជីថលនៅកម្ពុជា គឺជាការប្រមូលផ្តុំនូវស្ថាប័នពាក់ព័ន្ធ ក្នុងវិស័យអប់រំ ដើម្បីចូលរួមចំណែកកសាងនូវកម្មវិធីសិក្សា វគ្គបណ្តុះបណ្តាល សហការគ្នាជម្រុញគ្រប់ជាន់ថ្នាក់ទាំងអស់ ចាប់តាំងពីប្រជាជន សិស្សនិស្សិត មន្ត្រីរាជការ រហូតដល់ថ្នាក់ដឹកនាំឲ្យមានអក្ខរកម្មឌីជីថល និងជំនាញច្បាស់លាស់នៅក្នុងវិស័យបច្ចេកវិទ្យានេះ។ នេះគឺជាការចូលរួមយ៉ាងសំខាន់ រួមចំណែកអភិវឌ្បន៍ បណ្តុះបណ្តាលដល់ធនធានមនុស្សឌីជីថល នៅក្នុងប្រទេសកម្ពុជា”។សន្និសីទនេះនឹងនាំមកនូវប្រធានបទជាច្រើនទាក់ទងនឹងស្ថានភាពបច្ចុប្បន្ន និងបញ្ហាប្រឈមរបស់គ្រឹះស្ថានឧត្តមសិក្សា ដែលផ្តល់កម្មវិធីបណ្តុះបណ្តាលជំនាញឌីជីថល ដូច្នេះកម្មវិធីនឹងមានប្រធានបទ មួយចំនួនលើកមកនិយាយដូចជា៖

  1. “តម្រូវការសម្រាប់ជំនាញឌីជីថលក្នុងសេដ្ឋកិច្ចឌីជីថល”,
  2. “ការផ្គត់ផ្គង់នៃជំនាញឌីជីថល”,
  3. “ការផ្គត់ផ្គង់នៃជំនាញឌីជីថល” (ត),
  4. “ក្របខ័ណ្ឌគោលនយោបាយឌីជីថលរបស់រាជរដ្ឋាភិបាលកម្ពុជា” និង
  5. “គំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍”។

លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ក្នុងសុន្ទរកថាគន្លឹះថា “ នៅពេលពិនិត្យឃើញពីស្ថាន​ភាព​បច្ចុប្បន្ន បញ្ហាប្រឈម និង​កាលានុវត្ត​ភាព​លើ​ការ​កសាង​មូល​ធន​មនុស្ស​ឌីជីថល យើងក៍មានគោលបំណងពង្រឹងលើគុណភាព បណ្តុះបណ្តាល និងការបង្កើតឲ្យមានកម្មវិធីសិក្សាជំនាញឌីជីថលដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ពីគ្រឹះស្ថានឧត្តមសិក្សា។ ក្នុងនោះដើម្បីចូលរួមស្វែងរកដំណោះស្រាយយើងបានសហការបង្កើត សន្និសីទនេះឡើង ឲ្យក្លាយជាវេទិកាមួយដែលយើងអាចនាំយកបញ្ហាសំខាន់ៗទាំងនេះមក ពិភាក្សា និងស្វែងរកផែនការសកម្មភាពជាក់ស្តែងដើម្បីធ្វើការរួមគ្នាក្នុងការដោះស្រាយ បញ្ហាប្រឈមដែល កំពុងជួបប្រទះ។ នៅពេលដែលសន្ទុះសេដ្ឋកិច្ចឌីជីថលមានការកើនឡើង ការជម្រុញធនធានមនុស្សឌីជីថលដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារបច្ចុប្បន្ន និងអនាគត ក៍ជាកត្តាដែលស្ថាប័នពាក់ព័ន្ធទាំងឡាយ គួរតែចូលរួមចំណែករួបរួមគ្នាផងដែរ។ ”