ភ្នំពេញ, ថ្ងៃទី ២៨ ខែមករា ឆ្នាំ២០២២ – វិទ្យាស្ថានអភិបាលកិច្ចឌីជីថល នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា បានរៀបចំការប្រឡងយកវិញ្ញាបនបត្រ បញ្ជប់ វគ្គសិក្សា ជំនាញឌីជីថលចាំបាច់ ជូនដល់មន្រ្តីរាជការនៃទីស្តីការ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ជំនាន់ទី ២។ ការប្រឡងបានរៀបចំឡើងយ៉ាងសុក្រឹត និងប្រព្រឹត្តទៅនៅ ជាន់ទី ៣ នៃអគារនវានុវត្តន៍ ដែលត្រូវ បានបែងចែកជា ៧ ក្រុម ក្នុងរយៈពេល ៣ ថ្ងៃ។
វគ្គសិក្សាជំនាញឌីជីថលចាំបាច់ គឺមានគោលបំណងលើកកម្ពស់សមត្ថភាពឌីជីថល របស់មន្រ្តីរាជការ ដើម្បីបម្រើដល់ការអភិវឌ្បន៍ ការគ្រប់គ្រង ការប្រើប្រាស់ និងការផ្តល់ សេវាសាធារណៈប្រកប ដោយប្រសិទ្ធិភាពសុវត្ថិភាពនិងស័ក្តិសិទ្ធិភាព។ សិក្ចាកាមដែលចូលរួមត្រូវឆ្លងកាត់ការប្រឡង និងវាយតម្លៃគុណភាពដោយគណៈកម្មការ ដើម្បីទទួលបានវិញ្ញាបនបត្រជំនាញឌីជីថលចាំបាច់។
បន្ទាប់ពីបញ្ចប់ការបណ្ដុះបណ្ដាលដោយជោគជ័យ វិទ្យាស្ថានអភិបាលកិច្ចឌីជីថលក៏បានរៀបចំ ការប្រឡងវិញ្ញាបនបត្រសម្រាប់ជំនាញឌីជីថលចាំបាច់ចំនួន ២លើក ដើម្បីវាស់ស្ទង់សមត្ថភាពសិក្ខាកាម ដែលបានបញ្ចប់វគ្គសិក្សា សិក្ខាកាមចូលរួមសរុប ៥២៣ នាក់។
ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទុរគមនាគមន៍ បានមានប្រសាសន៍ដ៏ខ្ពង់ខ្ពស់ថា “ ជំនាញឌីជីថលចាំបាច់ ជួយបង្កើនប្រសិទ្ធភាពការងារ ជាពិសេសចូលរួមចំណែកអនុវត្ត គោលនយោបាយរដ្ឋាភិបាលឌីជីថល និងគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល។ ”
គិតមកដល់បំណាច់ ឆ្នាំ២០២១ វិទ្យាស្ថានអភិបាលកិច្ចឌីជីថលនៃបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា បានបណ្ដុះបណ្ដាលជំនាញឌីជីថលចាំបាច់ជូនមន្ត្រីរាជការនៃទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ជំនាន់ទី១ និងជំនាន់ទី២ សរុបចំនួន ៥៦៨ នាក់ ដែលនេះគឺជាការជំរុញឲ្យបានជាប្រយោជន៍ សម្រាប់ការងារផ្ទាល់ខ្លួននិងអង្គភាព ព្រមទាំងត្រៀមខ្លួនបោះជំហានតាមនិន្នាការបរិវត្តកម្មឌីជីថល បង្កើនគុណភាព ប្រសិទ្ធភាព និងស័ក្តិភាពការងារ ឲ្យទាន់យុគសម័យសេដ្ធកិច្ចឌីជីថល និងឧស្សាហកម្មជំនាន់ទី៤ ជាពិសេសចូលរួមចំណែកអនុវត្តគោលនយោបាយរដ្ធាភិបាលឌីជីថលកម្ពុជា។
វិទ្យាស្ថានអភិបាលកិច្ចឌីជីថល គឺជាស្ថាប័នឯកទេសមួយនៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) មានគោលដៅដើម្បីជំរុញការអភិវឌ្ឍន៍អភិបាលកិច្ចឌីជីថលនៅកម្ពុជា ដែលផ្តល់ ការបណ្តុះបណ្តាលជំនាញឌីជីថលដល់មន្ត្រីរាជការ និងលើកកម្ពស់ការផ្លាស់ប្តូរបច្ចេកវិទ្យា នៅក្នុងទីភ្នាក់ងាររដ្ឋាភិបាល។
សំរាប់ព័ត៌មានបន្ថែម
- សូមចូលទៅកាន់គេហទំព័រ: http://cadt.edu.kh/ ឬទំនាក់ទំនង pr@cadt.edu.kh
- Telegram: t.me/cadt_official,
- FB: http://bit.do/cadt-academy-fb
- IG: cadtofficial,
- LinkedIn: http://bit.do/cadt-linkedin